ភ្នំពេញ៖ ទង្វើឧត្តមសេនីយ៍២រូប រស់នៅក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ បែរជាក្រសួង២គឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលក្រោមការគ្រប់គ្រងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីតែម្នាក់ បែរជាមានចំណាត់ការខុសគ្នា និយាយឲ្យខ្លីស្រួលស្តាប់ ការអនុវត្តវិន័យនិងច្បាប់ខុសគ្នា ដែលភាសាមហាជនក៏ដូចអង្គការសង្គមស៊ីវិលធ្លាប់រិះគន់ថា “ស្តង់ពីរ”។ នេះជាការលើកឡើងរបស់មហាជន ដែលបានតាមដានរឿងរ៉ាវករណីឧត្តមសេនីយ៍ទាំង២ បង្កឡើងនិងផ្ទុះឡើងតាមបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយកន្លងមកថ្មីៗនេះ។
ឧត្ដមសេនីយ៍យោធា នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ កាលពីយប់ម៉ោង៧ថ្ងៃទី២៧ខែមករាឆ្នាំ២០១៨កន្លងទៅ បានយកចានចង្កឹះគប់ទៅលើអ្នកបំរើភ្ញៀវបណ្ដាលអោយទៅត្រូវនារីម្នាក់ឈ្មោះ ជិន ស្រីនាង ចំក្បាលរងរបួសបែកក្បាលហូរឈាម ស្ថិតនៅក្នុងភោជនីយដ្ឋានយីហោ ត្រជាក់ចិត្តថ្មី ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុស្ត្រីរងគ្រោះបានប្ដឹងសមត្ថកិច្ចនៅចំណុចកើតហេតុខាងលើជួយអន្តរាគមន៍និងជួយរកយុត្តិធម៌។ ជាមួយគ្នានោះខាងភាគីឧត្តមសេនីយ៍យោធា នេត សំអាត បានធ្វើការសម្របសម្រួលជាមួយឪពុកម្ដាយនារីរងគ្រោះដោយព្រមសងសំណងចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿង។ ជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយមានទាំងបណ្ដាញសង្គម គេហទំព័រ បានយករឿងរ៉ាវទាំងនេះមកសរសេរ ថារឿងនេះមិនគួរបញ្ចប់ដោយអយុត្តិធម៌ដោយសំណង១០០០ដុល្លារនេះទេ គួរតែប្រព័ន្ធច្បាប់ជាពិសេសក្រសួងការពារជាតិដែលជាអ្នកគ្រប់គ្រងត្រូវមានវិធានការណ៍ចំពោះច្បាប់ដើម្បីអោយឧត្ដមសេនីយ៍ដែលប្រព្រឹត្តិទៅលើក្មេងស្រីរងគ្រោះឱ្យរៀងចាលទៅថ្ងៃក្រោយ ឬក៏ជាសារព្រមានសំរាប់អ្នកមានអំណាចបុណ្យស័ក្តិកុំចេះតែហ៊ានប្រព្រឹត្តិអំពើតាមតែទំនើងចិត្តដោយមិនខ្លាចច្បាប់នោះឡើយ។ ទីបំផុតឧត្ដមសេនីយ៍យោធា នេត សំអាត ត្រូវបានក្រសួងការពារជាតិដកបញ្ឈជើងកាលពីសប្ដាហ៍មុន និងប្រឈមមុខនិងផ្លូវច្បាប់ថែមទៀត នេះបើតាមប្រភពព័ត៌មានដែលយើងទទួលបាន។

ចំណែកឯលោកឧត្ដមសេនីយ៍ផ្កាយ១ ទី ចំរើនកុសល ដែលត្រូវកម្លាំងប៉ូលិសក្រុងភ្នំពេញ តាមប្រមាញ់ដេញចាប់ពេញ១ជំហៀងក្រុងកាលពីនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧កន្លងទៅ ព្រោះតែលោកឧត្តមសេនីយ៍ផ្កាយ១ បានប្រើហឹង្សាបាញ់ស្រ្ពាយ ដាក់ភ្នែកសន្តិសុខរោងចក្រ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិលេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មហាជនបានដាក់សំនួរសួរទៅក្រសួងមហាផ្ទៃថា តើទង្វើរបស់លោកឧត្ដមសេនីយ៍ផ្កាយ១ ទី ចំរើនកុសល មានបានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ ឃើញថាឧត្ដមសេនីយ៍ ទី ចំរើន កុសល បានប្រព្រឹត្តិបែបនេះឬទេ?។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ចេញវិដេអូនិងរូបភាពរបស់សន្តិសុខដែលរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកដោយសារលោកផ្កាយ១ ទី ចំរើនកុសល បាញ់ស្ព្រាយដាក់។ តើសមល្មមក្រសួងមហាផ្ទៃដកបញ្ឈជើង ឬទទួលពិន័យបែបណា អោយសមដូចឧត្ដមសេនីយ៍យោធា នេត សំអាត?

មហាជនបានរិះគន់ទៅលើក្រសួងមហាផ្ទៃ ហាក់បីដូចជាមានចំណាត់ការទន់ខ្សោយទៅលើមន្ត្រីរបស់ខ្លួនដែលខុសពីមន្ត្រីក្រសួងការពារជាតិ។
ជាក់ស្ដែងលោកឧត្ដមសេនីយ៍ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានប្ដឹងលោកផ្កាយ១ ទី ចំរើន កុសល ទៅអគ្គស្នងការនគរបាលជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បរិហាកេរ្តិ៍តាមសារព័ត៌មាន និងបរិហាបង្កាច់កេរ្តិ៍ ដោយផ្អែកតាមមាត្រ៣០៥, ៣០៦,៣១២ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
TVFB មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេពាក់ព័ន្ធករណីលោកផ្កាយ១ ទី ចំរើន កុសល នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៨នេះ។ ចំណែកឯលោកផ្កាយ១ ទី ចំរើនកុសល ក៏មិនអាចសុំការពន្យល់ពីករណីបង្កហិង្សាបាញ់ស្ព្រាយដាក់ភ្នែកសន្តិសុខបណ្ដាលអោយរងរបួសធ្ងន់នេះផងដែរ៕
 វិដេអូកាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បាញ់ស្រ្ពាយដាក់ភ្នែកសន្តិសុខ បើករថយន្តរត់ផ្អើលពេញក្រុង